សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណអនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា 

admin By admin June 29, 2026

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារថ្លែងអរគុណជូនចំពោះលោក Tahir Budagov អនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី និងជាប្រធានការិយាល័យកណ្តាលសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលបានផ្ញើសារអបអរសាទរជូនចំពោះសម្តេច និងសមាជិកបក្សទាំងអស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP)។
តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចន​េះថា «ខ្ញុំមានកិត្តិយសសូមសម្តែងនូវការអរគុណយ៉ាងស្មោះសរ និងការវាយតម្លៃខ្ពស់ចំពោះសារលិខិត អបអរសាទរ និងពរជ័យយ៉ាងកក់ក្តៅរបស់ឯកឧត្តម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) របស់យើង។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង ដែលផ្សារភ្ជាប់ គណបក្ស និងប្រជាជាតិយើងទាំងពីរ។ ទំនាក់ទំនងរបស់យើង ដែលឈរនៅលើមូលដ្ឋានយ៉ាងរឹងមាំនៃ ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម នៅតែបន្តរីកចម្រើនលូតលាស់ ខណៈពេលដែល យើងបាន និងកំពុងជំរុញយ៉ាងសកម្មនូវការចូលរួមទ្វេភាគី និងសហការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌ ពហុភាគី»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចមានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញនូវទំនាក់ទំនង និងភាពជាដៃគូដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងគណបក្សអាស៊ែបៃហ្សង់ថ្មី និងគណបក្សប្រជាជនកម្ពុជា។ ភាពជាដៃគូរបស់យើងបានរីកចម្រើនជាលំដាប់ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យ នៅក្នុងវេទិកាពិភពលោក និងតំបន់សំខាន់ៗ រួមមាន៖ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយ អាស៊ី (ICAPP) អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (IDC-CDI) ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) និងបណ្តាញអន្តរសភាផ្សេងៗទៀត។
សម្តេចតេជោ មានជំនឿយ៉ាងមុតមាំថា មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ នឹងបន្តជំរុញទំនាក់ទំនងដ៏ជិតស្និទ្ធរវាងគណបក្ស និងប្រទេសយើងទាំងពីរ ឱ្យឈានដល់កម្រិតខ្ពស់ ថ្មីបន្ថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *